(ខេត្តកំពង់ស្ពឺ) ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីកាត់ខ្សែបូសម្ពោធឆ្លងសមិទ្ធផលនានា ស្ថិតក្នុងមជ្ឈមណ្ឌលវប្បធម៌ និងព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានសំណេះសំណាលជាមួយមន្ត្រីរាជការ និងពុទ្ធបរិស័ទ ដោយបានសម្តែងនូវការត្រេកអរ និងមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលដែលបានលេចរូបរាងឡើង។ ឯកឧត្តមបានបញ្ជាក់ថា សមិទ្ធផលទាំងនេះគឺជាសក្ខីភាពនៃ "សន្តិភាព" ដែលអនុញ្ញាតឱ្យយើងមានឱកាសកសាង និងអភិវឌ្ឍគ្រប់វិស័យ រួមទាំងការលើកកម្ពស់តម្លៃវប្បធម៌ និងជំនឿសាសនាដែលជាគ្រឹះនៃសីលធម៌សង្គម។
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានលើកឡើងបន្ថែមថា ស្របពេលដែលខេត្តកំពង់ស្ពឺកំពុងមានការរីកចម្រើនយ៉ាងខ្លាំងលើ វិស័យឧស្សាហកម្ម តាមរយៈការស្រូបទាញរោងចក្រសហគ្រាសរាប់រយកន្លែង និង វិស័យកសិកម្ម ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ និងវិស័យទេសចរណ៍។ មជ្ឈមណ្ឌលវប្បធម៌ និងព្រះពុទ្ធសាសនាកម្ពុជានេះ មិនត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌វិន័យប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបនៃការរួមបញ្ចូលគ្នារវាងការអភិវឌ្ឍផ្នែកស្មារតី និងការអភិរក្សអត្តសញ្ញាណជាតិ ដែលនឹងទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្ត និងស្វែងយល់កាន់តែច្រើនក្នុងខេត្តកំពង់ស្ពឺ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន និងពុទ្ធបរិស័ទគ្រប់ទិសទី ដែលបានរួមគ្នាកសាងសមិទ្ធផលទាំងនេះឡើង ដើម្បីទុកជាមរតកសម្រាប់កូនខ្មែរជំនាន់ក្រោយ និងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ដើម្បីបន្តកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតនៅទូទាំងខេត្ត។
បន្ទាប់ពីមានប្រសាសន៍សំណេះសំណាលរួចមក ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា និងបានរៀបចំពិធីរាប់បាតប្រគេនភេសជ្ជៈដល់ព្រះសង្ឃទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាផងដែរ៕
បន្ទាប់ពីមានប្រសាសន៍សំណេះសំណាលរួចមក ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា និងបានរៀបចំពិធីរាប់បាតប្រគេនភេសជ្ជៈដល់ព្រះសង្ឃទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាផងដែរ៕













