ព័ត៌មានមហាជន

គណៈប្រតិភូជាន់ខ្ពស់ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តនិញប៊ិញ

(ខេត្តនិញប៊ិញ) ៖ ព្រឹកថ្ងៃអាទិត្យ ៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមីនាឆ្នាំ២០២៦មានជំនួបរវាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអនប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan)លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ នៅទីស្នាក់ការបក្សខេត្តនិញប៊ិញ។
មានប្រសាសន៍ក្នុងពិធីនោះឯកឧត្តមជិន ហ៊ួនទួន(Tran HuyTuan)បានចែករំលែកអំពីដំណើរការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលខេត្តនិញប៊ិញ ក្នុងរយៈពេលកន្លងមក ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ខេត្តនិញប៊ិញថ្មី ត្រូវបានបង្កើតឡើងពីការរួមបញ្ចូលគ្នានៃខេត្តហាណាម និញប៊ិញ និងណាមឌិញ។ខេត្តនេះមានទីតាំងយុទ្ធសាស្ត្រសំខាន់ក្នុងបណ្ដោយសេដ្ឋកិច្ចភាគខាងជើង–ត្បូងមានធនធានធម្មជាតិអំណោយផល និងមានតំបន់ទេសភាពស្រស់ស្អាតជាច្រើន ដែលអាចអភិវឌ្ឍបានយ៉ាងចម្រុះ និងប្រកបដោយចីរភាព។

‎ឯកឧត្តមបានបញ្ជាក់ថា វៀតណាម និងកម្ពុជា ជាប្រទេសជិតខាងមានទំនាក់ទំនងជិតស្និទ្ធយូរអង្វែង។ក្នុងអំឡុងពេលប្រយុទ្ធដើម្បីឯករាជ្យនិងអភិវឌ្ឍប្រទេសប្រជាជនទាំងពីរបានគាំទ្រនិងជួយគ្នាទៅវិញទៅមកយ៉ាងស្មោះត្រង់។ទំនាក់ទំនងមិត្តភាពប្រពៃណីនេះគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលត្រូវបានបន្តរក្សា និងអភិវឌ្ឍដោយមនុស្សជំនាន់ជាច្រើន។

‎ឯកឧត្តមបានបន្ថែមថា អាជ្ញាធរនិងប្រជាជនខេត្តនិញប៊ិញ តែងតែគោរព និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ហើយមានបំណងចូលរួមបន្ថែម ក្នុងការពង្រឹងសាមគ្គីភាព និងមិត្តភាពឲ្យកាន់តែជ្រាលជ្រៅ និងមានប្រសិទ្ធភាព។

ជាការឆ្លើយតបសម្តេចកិត្តិសង្គហបណ្ឌិតបានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំខេត្តនិញប៊ិញ និងបានអបអរសាទរចំពោះការអភិវឌ្ឍរបស់ខេត្តក្នុងរយៈពេលកន្លងមក។សម្តេចបានចាត់ទុកបទពិសោធន៍នេះជាមេរៀនសំខាន់សម្រាប់កម្ពុជា ក្នុងការកែទម្រង់រដ្ឋបាល។

‎‎សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអបអរសាទរចំពោះសមិទ្ធផលអភិវឌ្ឍរបស់វៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយអគ្គលេខាធិការ តូ ឡឹម។សម្តេចក៏បានបញ្ជាក់ថា អង្គការរណសិរ្សរបស់ប្រទេសទាំងពីរ នឹងបន្តពង្រឹងការអប់រំ និងផ្សព្វផ្សាយឲ្យប្រជាជន ជាពិសេសយុវជន យល់ដឹងអំពីសារៈសំខាន់នៃការរក្សា និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព ប្រកបដោយចីរភាពរវាងកម្ពុជា និងវៀតណាម។





Previous Post Next Post