ព័ត៌មានមហាជន

ឯកឧត្តមបណ្ឌិត ហ៊ុន សុខាទីប្រឹក្សារបស់សម្ដេចមហាសេនាបតីតេជោហ៊ុនសែនបាននាំយកសម្ភារៈ និងថវិកាទៅប្រគល់ជូនលោកតាដែលមានជំងឺប្រចាំកាយ


(ខេត្តកំពត)៖ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ក្រោមស្មារតីសប្បុរសធម៌ និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត បានដឹកនាំក្រុមការងារ និងនាំយកសម្ភារៈ ព្រមទាំងថវិកាមួយចំនួន ជូនទៅលោកតាដែលមានជម្ងឺប្រចាំកាយ និងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងមានចៅកំព្រាពីរនាក់ក្នុងបន្ទុក នៅភូមិបឹងតាព្រហ្ម ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ និងគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ឬសាសនាឡើយ។

ឯកឧត្តម ហ៊ុន សុខា បានមានប្រសាសន៍ថា អំណោយទាំងនេះផ្តល់ជូនពីរ ឯកឧត្តម ភឺន ផល្លាជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយះរូបលោក មិនត្រឹមតែជាថវិកាប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីចិត្តមេត្តា ក្តីស្រឡាញ់ និងការចូលរួមចែករំលែកចំពោះប្រជាពលរដ្ឋដែលជួបទុក្ខលំបាក នៅក្នុងសង្គម។  ការចែករំលែកតិចតួចនេះ អាចសម្រាលបន្ទុកបានមួយគ្រា និងជួយលើកទឹកចិត្តដល់ពួកគាត់ទាំងពីរគ្រួសារ មានក្តីសង្ឃឹមបន្តទៅមុខ។ រួមគ្នាបង្កើតសង្គមមួយដែលពោរពេញទៅដោយក្តីស្រឡាញ់ សាមគ្គីភាព និងការយល់ចិត្តគ្នាទៅវិញទៅមក តាមរយៈសកម្មភាព និងស្មារតីសប្បុរសធម៌៕
Previous Post Next Post