ព័ត៌មានមហាជន

ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្ដេចតេជោបានចុះជួបសំណេះសំណាល និងប្រគល់អណ្ដូងទឹកជូនប្រជាពលរដ្ឋនៅឃុំបន្ទាយមាសខាងកើត ក្នុងស្រុកបន្ទាយមាស

(ខេត្តកំពត)៖ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត បានដឹកនាំក្រុមការងារចលនាកសាងសមាជិកគណបក្សចុះជួបសំណេះសំណាល និងប្រគល់អណ្ដូងទឹកជូនប្រជាពលរដ្ឋ ពិធីនេះ បានធ្វើឡើង​កាល​ពពីថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២៦ នៅភូមិពោធិ៍ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពតដែលមានបងប្អូនប្រជាពលរដ្ឋចូលរួមចំនួន១៨២នាក់។

នៅក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជានិច្ជកាលសម្តេចតែងតែនឹកនា និងគិតរគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេសសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជួយបងប្អូនប្រជាពលរដ្ឋជួបទុក្ខលំបាកតែងតែលេចមុខក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះទៅជួយជានិច្ច ដោយមិនប្រកាន់ពណ៌សំបុរជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីទាំងអស់។

ជាមួយគ្នានេះ មានផ្នែកអនាម័យ​សុខភាពរបស់បងប្អូនប្រជាពលរដ្ឋតាមសហគមន៍ប្រភពទឹកស្អាតជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបានសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបានបន្តថា ការចំណាយថវិកាជួយកសាងអណ្តូងស្នប់នៅពេលនេះ បាន បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីចូលរួមលើកកម្ពស់អនាម័យសុខភាពនៅក្នុងសហគមន៍ដាច់ស្រយាល និងការកាត់បន្ថយអត្រាឈឺស្លាប់របស់កុមារកម្ពុជាដែលឆ្លងតាមរយៈទឹកដូចជាជំងឺរាគរុះ ឬ អាសន្នរោគជាដើមពិសេសដើម្បីធ្វើឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា។

សម្រាប់បងប្អូនប្រជាពលរដ្ឋចំនួន១៨២នាក់ដែលអញ្ជើញមកចូលរួមក្នុងថ្ងៃនេះ ក៏ទទួលបានថវិកាមួយចំនួនផងដែរ៕


Previous Post Next Post