(ខេត្តកំពត)៖ ឯកឧត្តមបណ្ឌិត ហ៊ុន សុខាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សចុះមូលដ្ឋានខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ភឺន ផល្លា ជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សមូលដ្ឋានរាជធានី-ខេត្ត បាននាំយកគ្រឿងសម្ភារៈសិក្សា និងគុំព្យូទ័រលើតុប្រភេទAll in one ចំនួន ១០៣គ្រឿងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ទៅប្រគល់ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅវិទ្យាល័យទាំង៥ នៃស្រុកអង្គរជ័យកាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
នៅក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោកស្រីប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោកអភិបាលរងស្រុក អង្គភាព នានា អាជ្ញាធរដែនដី រួមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាការពារ សរុបចំនួន ៥៩៧រូប។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន សុខាក៏លើកឡើងអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងអាណត្តិនេះ ដែលផ្ដោតសំខាន់លើការពង្រឹងគុណភាពអប់រំផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថល ដែលជាអាទិភាពមួយចម្បងនៃបញ្ចកោណទី១ នៃការអភិវឌ្ឍធនធានមនុស្ស។
ឯកឧត្តមបណ្ឌិតបានបន្ថែមថា ការរួមបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងការសិក្សា ពិតជាមានសារៈសំខាន់ណាស់ដើម្បីឱ្យសិស្សានុសិស្សអភិវឌ្ឍជំនាញសំខាន់ៗសម្រាប់អាជីពការងារដែលមិនអាចខ្វះបានក្នុងបរិបទថ្មីនេះ ហើយលើសពីនេះយើងត្រូវចាំបាច់នូវការពង្រឹងសមត្ថភាពគ្រូបង្រៀនឱ្យទទួលបានការបណ្ដុះបណ្ដាលការប្រើប្រាស់ឧបករណ៍ឌីជីថលប្រកបដោយប្រសិទ្ធភាព លើកកម្ពស់ការបង្រៀន និងរៀនឱ្យស្របនឹងវិធីសាស្ត្រនៃការអប់រំក្នុងសតវត្សទី២១ ដើម្បីឱ្យសិស្សានុសិស្សយើងទទួលបានបទពិសោធន៍ការសិក្សាដែលមានលក្ខណៈទំនើប អន្តរកម្ម និងអាចស្វ័យសិក្សាបានដោយខ្លួនឯង។
ឯកឧត្តមបណ្ឌិត លើកទឹកចិត្តដល់វិទ្យាល័យទាំង៥នៅក្នុងស្រុកអង្គរជ័យដែលទទួលបានសម្ភារៈក៏ដូចជាកុំព្យូទ័រលើតុប្រភេទAll in oneជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈឯកឧត្តម ភឺន ផល្លា នាពេលនេះ សូមយកទៅប្រើប្រាស់ជាប្រយោជន៍ដល់ការបង្រៀនដល់សិស្សានុសិស្សតាមរយៈការអនុវត្តកម្មវិធីអប់រំផ្សេងៗបន្ថែមលើមុខវិជ្ជាដែលមានស្រាប់ដើម្បីឲ្យវិទ្យាល័យនីមួយៗឈានមុខក្នុងការអនុវត្តកម្មវិធីសិក្សាបច្ចេកវិទ្យាបែប ទំនើប ដោយសិស្សានុសិស្សអាចសិក្សាតាមគោលវិធីសាស្ត្រថ្មី ដូចជាការផ្សារភ្ជាប់បច្ចេកវិទ្យានឹងការអប់រំបំណិនជីវិត ការសិក្សាតាមបែបគម្រោងជាដើម។លើកទឹកចិត្តសិស្សឱ្យចូលរួមប្រកួតប្រជែងកម្មវិធីបច្ចេកវិទ្យាកម្រិតសាកលលោក ទៅតាមលទ្ធភាពដែលយើងអាចធ្វើបាន ធ្វើយ៉ាងណាពង្រីកសក្ដានុពលរបស់ សិស្សានុសិស្សកម្ពុជាយើងឱ្យកាន់តែទូលំទូលាយលើការអប់រំបច្ចេកវិទ្យា។
ជាកិច្ចបញ្ចប់ឯកឧត្តមបណ្ឌិត ហ៊ុន សុខាក៏បានថ្លែងអំណរគុណចំពោះវត្តមានរបស់លោក លោកស្រីក្រុមប្រឹក្សាស្រុក អភិបាលស្រុក អភិបាលរងស្រុក អង្គភាព នានា និងអាជ្ញាធរដែនដីក្នុងស្រុក ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមនៅក្នុងពិធីនេះ នឹងបានផ្ដល់នូវអំណោយសម្ភារៈសិក្សារួមទាំងថវិកាមួយចំនួនជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាការពារផងដែរ៕
































