ព័ត៌មានមហាជន

ឯកឧត្តមបណ្ឌិត សុខ ពិសិទ្ធ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាស្ថាបនិកក្រុមហ៊ុនវេលស៍ខបម៉ាឃីធីង ឯ.ក បានអញ្ជើញជាអធិបតីសំណេះសំណាលជាមួយអាជីវករ ពាណិជ្ជករ សហគ្រិន ក្នុងសិក្ខាសាលាមួយស្ដីពី "ការផ្ដើមអាជីវកម្ម ដើម្បីលើកកម្ពស់ជីវភាពឱ្យបានល្អប្រសើ"

ក្រុងប៉ោយប៉ែត៖ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សុខ ពិសិទ្ធ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាស្ថាបនិកក្រុមហ៊ុនវេលស៍ខបម៉ាឃីធីង ឯ.ក បានអញ្ជើញជាអធិបតីសំណេះសំណាលជាមួយអាជីវករ ពាណិជ្ជករ សហគ្រិន ក្នុងសិក្ខាសាលាមួយស្ដីពី "ការផ្ដើមអាជីវកម្ម ដើម្បីលើកកម្ពស់ជីវភាពឱ្យបានល្អប្រសើ"នៅភោជនីយដ្ឋានប៉ោយប៉ែត៨៥ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

ក្នុងកម្មវិធីសិក្ខាសាលានោះ សម្របសម្រួលដោយលោក ឈួន បូរី ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងក្រុមការងារប្រចាំនៅក្រុងប៉ោយប៉ែតជាច្រើនរូបផងដែរ។

នៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិត សុខ ពិសិទ្ធ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាស្ថាបនិកក្រុមហ៊ុនវេលស៍ខបម៉ាឃីធីង ឯ.ក បបានមានមតិសំណេះសំណាលផ្តល់បទពិសោធន៍ជូន ឯកឧត្តម លោកជំទាវ លោកលោកស្រី អ្នកនាងកញ្ញា ដែលជាអាជីវករ ពាណិជ្ជករ និងសហគ្រិនទាំងអស់ ដែលបានចូលរួមក្នុងសិក្ខាសាលានាថ្ងៃនេះ!

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ និងកិត្តិយសក្រៃលែង ដែលបានមកជួបជុំជាមួយបងប្អូនទាំងអស់គ្នា នៅក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់ក្រោមប្រធានបទ "ការផ្ដើមអាជីវកម្ម ដើម្បីលើកកម្ពស់ជីវភាពឱ្យបានល្អប្រសើ"។ វត្តមានរបស់បងប្អូននៅទីនេះ គឺស្តែងឱ្យឃើញពីស្មារតីសហគ្រិនភាពដ៏រស់រវើក និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការកសាងអនាគតសេដ្ឋកិច្ចមួយដ៏រឹងមាំ មិនត្រឹមតែសម្រាប់ខ្លួនឯង និងគ្រួសារនោះទេ ប៉ុន្តែគឺសម្រាប់សង្គមជាតិទាំងមូល។

ភាពក្លាហានក្នុងការបោះជំហានដំបូង​ការចាប់ផ្តើមអាជីវកម្ម មិនមែនជារឿងសាមញ្ញនោះទេ វាទាមទារនូវ ភាពក្លាហាន ចក្ខុវិស័យ និងការលះបង់ខ្ពស់។ ខ្ញុំតែងតែនិយាយថា «អ្នកដែលមានគំនិត គឺមានច្រើន ប៉ុន្តែអ្នកដែលហ៊ានចាប់ផ្តើមធ្វើ ទើបជាសហគ្រិនពិតប្រាកដ»។

បងប្អូនខ្លះនៅទីនេះ ប្រហែលជាទើបតែមានគំនិតចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួន ឯបងប្អូនខ្លះទៀត ក៏កំពុងតែដំណើរការអាជីវកម្មខ្នាតតូច ឬមធ្យមរួចទៅហើយ។ ទោះស្ថិតក្នុងដំណាក់កាលណាក៏ដោយ បងប្អូនទាំងអស់គ្នាគឺជាក្បាលម៉ាស៊ីនរុញច្រានសេដ្ឋកិច្ចជាតិយ៉ាងសំខាន់។

​«រាល់អាជីវកម្មខ្នាតយក្ស និងម៉ាកយីហោល្បីៗនៅលើពិភពលោកនាពេលបច្ចុប្បន្ន សុទ្ធតែធ្លាប់ចាប់ផ្តើមចេញពីចំណុចតូចតាច និងឆ្លងកាត់ការសាកល្បងរាប់មិនអស់ដូចគ្នា។

​នៅក្នុងយុគសម័យឌីជីថល និងការប្រកួតប្រជែងដ៏ស្រួចស្រាល់នេះ ដើម្បីឱ្យការផ្ដើមអាជីវកម្មមួយទទួលបានជោគជ័យ យើងត្រូវការផ្ដោតលើចំណុចគន្លឹះមួយចំនួន៖

​ដោះស្រាយបញ្ហាឱ្យអតិថិជន អាជីវកម្មដែលជោគជ័យ មិនមែនគ្រាន់តែលក់ផលិតផល ឬសេវាកម្មនោះទេ ប៉ុន្តែជាអាជីវកម្មដែលផ្តល់ «ដំណោះស្រាយ» ដល់ការលំបាករបស់អតិថិជន។

ការប្រើប្រាស់បច្ចេកវិទ្យា មិនថាអាជីវកម្មតូចឬធំ ការយកបច្ចេកវិទ្យាមកជួយសម្រួល ដូចជាការគ្រប់គ្រង សន្និធិ ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល និងការផ្សព្វផ្សាយតាមអនឡាញ គឺជារឿងមិនអាចខ្វះបាន។

ការគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានហ្មត់ចត់ លំហូរថវិកា គឺជាឈាមរត់នៃអាជីវកម្ម។ ការបំបែកថវិកាផ្ទាល់ខ្លួន និងថវិកាអាជីវកម្មឱ្យដាច់ពីគ្នា គឺជាគ្រឹះដំបូងនៃភាពរឹងមាំ។

ការរៀនសូត្រឥតឈប់ឈរ ទីផ្សារប្រែប្រួលរាល់ថ្ងៃសហគ្រិនដែលជោគជ័យ គឺជាអ្នកដែលត្រៀមខ្លួនជានិច្ចក្នុងការរៀនសូត្រអ្វីថ្មីៗ និងបត់បែនតាមកាលៈទេសៈ។

ការបង្កើតបណ្តាញ និងកិច្ចសហការ ​សិក្ខាសាលានៅថ្ងៃនេះ មិនត្រឹមតែជាកន្លែងសម្រាប់ក្រេបជញ្ជក់ចំណេះដឹងពីវាគ្មិនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា ឱកាសមាស ក្នុងការបង្កើតទំនាក់ទំនង។ ខ្ញុំសូមលើកទឹកចិត្តឱ្យបងប្អូនទាំងអស់គ្នា បើកចិត្តឱ្យទូលាយ សំណេះសំណាល ប្តូរទំនាក់ទំនងគ្នាទៅវិញទៅមក។ ដៃគូពាណិជ្ជកម្ម អតិថិជនធំ ឬអ្នកវិនិយោគបន្ទាប់របស់បងប្អូន អាចជាអ្នកដែលកំពុងអង្គុយក្បែរបងប្អូននៅពេលនេះក៏ថាបាន។

ជាទីបញ្ចប់កម្មវិធី អាជីវករ ពាណិជ្ជករ សហគ្រិន ដែលបានអញ្ជើញចូលរួម សប្បាយចិត្តដោយបានយល់ដឹងអំពីផលិតផលគោលនិងប្រព័ន្ធអាជីវកម្មវេលស៍ ព្រមទាំងមានឱកាសចាប់ផ្ដើមអាជីវកម្មក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនវេលស៍ខបម៉ាឃីធីង ឯ.ក ដើម្បីរួមចំណែកបង្កើតការងារនិងមុខរបរជូនបងប្អូនប្រជាពលរដ្ឋខ្មែរ លើកកម្ពស់ជីវភាពឱ្យបានល្អប្រសើរ។

Previous Post Next Post