(ខេត្តកំពង់ស្ពឺ)៖នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ប្រជាពលរដ្ឋដែលរស់នៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំនួន៣២៤គ្រួសារ ក្នុងបញ្ជីឈ្មោះបោះឆ្នោត៥២២រូប បានគោរពស្នើសុំសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិតជាម ច័ន្ទ សោភណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ សូមបង្កើតការិយាល័យបោះឆ្នោតប្រចាំភូមិ ដើម្បីមានភាពងាយស្រួលក្នុងការធ្វើដំណើរនិងធានាបាននូវភាពងាយស្រួល ព្រមទាំងសុវត្ថិភាពរបស់ពួកគាត់ក្នុងការទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
ការគោរពស្នើសុំកិច្ចអន្តរាគមន៍បង្កើតទីតាំងការិយាល័យបោះឆ្នោតថ្មីប្រចាំភូមិខាងលើគឺ ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបមានលទ្ធភាពងាយស្រួលក្នុងការបំពេញកាតព្វកិច្ចបោះឆ្នោតរបស់ខ្លួន ដែលមានទីតាំងការិយាល័យបោះឆ្នោតនៅឆ្ងាយ ដែលប្រជាពលរដ្ឋក្នុងភូមិថ្មី យល់ឃើញថា ទីតាំងការិយាល័យបោះឆ្នោតបច្ចុប្បន្នការធ្វើដំណើរនេះជួបការលំបាកយ៉ាងខ្លាំងពិសេសចំពោះមនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ ជនពិការ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតមធ្យោបាយធ្វើដំណើរដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនបាត់បង់ឱកាសក្នុងការទៅប្រើប្រាស់សិទ្ធិបោះឆ្នោត។
ដើម្បីសម្រួលការធ្វើដំណើរ លើកកម្ពស់ជីវភាពប្រជាធិបតេយ្យ និងធានាថាមិនមានប្រជាពលរដ្ឋណាម្នាក់ត្រូវបានបោះបង់ចោលក្នុងការចូលរួមបោះឆ្នោតខ្ញុំបាទ/នាងខ្ញុំដែលជាប្រជាពលរដ្ឋទាំងអស់សូមគោរពស្នើសុំសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ទៅកាន់អាជ្ញាធរពាក់ព័ន្ធ និងគណៈកម្មការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ដើម្បីបង្កើតការិយាល័យបោះឆ្នោតថ្មីប្រចាំភូមិរបស់ពួកយើងខ្ញុំទាំងអស់គ្នាដោយក្តីអនុគ្រោះ និងក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុត៕








