ព័ត៌មានមហាជន

ឯកឧត្តម ទី ប៊ុនថេង ចុះទទួលភ្នាក់ងារ និងសកម្មជន គាំទ្រគណបក្សភ្លើងទៀនចំនួន ២១រូប គោរពស្នើសុំសម្ដេចតេជោ សុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

(កំពង់ស្ពឺ)៖ ឯកឧត្តម ទី ប៊ុនថេង ទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារស្នូលចលនាកសាងសមាជិកគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារក្រុមចលនាកសាងសមាជិកគណបក្ស ចុះទទួលភ្នាក់ងារ និងសកម្មជន គាំទ្រគណបក្សភ្លើងទៀនចំនួន ២១រូប ក្នុងឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃអាទិត្យទី២០ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានី-ខេត្ត និងឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្សរាជធានី-ខេត្ត។

ភ្នាក់ងារ និងសកម្មជនគាំទ្រ គណបក្សភ្លើងទៀន ចំនួន២១រូប បានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយ ឯកឧត្តម ទី ប៊ុនថេង ឥតមានការបង្ខិតបង្ខំ ឬទិញដូរអ្វីឡើយ។ ពីព្រោះពួកគាត់ទាំងអស់គ្នា លែងជឿលើពួកទណ្ឌិតក្បត់ជាតិដែលរត់ចោលស្រុកដែលមានគំនិតទុច្ចរិក ចង់បំបែកបំបាក់ស្មារតីសាមគ្គីភាពខ្មែរនិងខ្មែរ បំផ្លាញសុខសន្តិភាព ទើបលោក លោកស្រីសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងសូមគោរពគាំទ្រយ៉ាងពេញទំហឹងចំពោះសម្ដេចតេជោ និងសម្ដេចធិបតីក្នុងការដោះស្រាយបញ្ហាព្រំដែនទឹកដីកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ទី ប៊ុនថេង មានប្រសាសន៍លើកឡើងពីវីរភាពរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិ និង ប្រជាជន ឱ្យរួចផុតពីសេចក្តីស្លាប់ និងបានស្តារប្រទេសជាតិចេញពីចំណុចសូន្យ ឱ្យមានការអភិវឌ្ឍប្រទេសជាតិរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ និងមានចក្ខុវិស័យធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ឯកឧត្តម ទី បុនថេង បន្តថា គណបក្សប្រជាជនកម្ពុជា តែងតែដើរជួរមុខក្នុងកិច្ចការពារអាយុជីវិតប្រជាពលរដ្ឋ។ ជាក់ស្តែង រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមិនរត់ចោលប្រជាពលរដ្ឋឡើយ ពោលគឺមានសុខរួមសុខ មានទុក្ខរួមទុក្ខជាមួយប្រជាពលរដ្ឋ។ សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋជឿទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតឈ្នះភ្លូកទឹកភ្លូកដីកាលពីឆ្នាំ ២០២៣ កន្លងមកនេះ។

ឯកឧត្តមបន្តថា «ការសម្រេចចិត្តរបស់ បងប្អូន ក្មួយៗ នាពេលនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយសារតែបងប្អូនទាំងអស់ បានមើលឃើញពីការយកចិត្តទុកដាក់ និង ការលះបង់ដ៏ធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរក សន្តិភាព និង ការអភិវឌ្ឍជាតិ»។ លោកសូមឱ្យសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត ១ សន្លឹក របស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត ២០២៧ និង ២០២៨ ខាងមុខនេះ ដើម្បីមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនរុងរឿងបន្ថែមទៀត។

Previous Post Next Post