អស់ពីឆេះទូកទេសចរណ៍រាប់សិបគ្រឿង ថៃ ក៏កើតហេតុទូកទេសចរណ៍ បុកទូកនេសាទទៀត មានទាំងមនុស្សស្លាប់

បន្ទាប់ពីហេតុការណ៍អគ្គិភ័យឆាបឆេះទូកទេសចរណ៍រាប់សិបគ្រឿងនៅភូកេតមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែនៅប្រទេសថៃ កើតមានហេតុការណ៍ទូកទេសចរណ៍ បុកគ្នាជាមួយទូកនេសាទទៀត បណ្តាលឲ្យមានទាំងមនុស្សស្លាប់និងរបួស។

ទូកទេសចរណ៍នោះគឺជារបស់ក្រុមហ៊ុន A Timer ចំណែកទូកនេសាទមានឈ្មោះ Pichai Samut 1។ ហេតុការណ៍នេះកើតឡើងក្នុងសមុទ្រ Andaman ក្បែរកោះ Phi Phi ខេត្ត ក្រាប៊ី នាវេលាម៉ោង៨:៥៥នាទីព្រឹក ថ្ងៃអាទិត្យទី១១ខែមករាឆ្នាំ២០២៦។

ដំបូងឡើយ ទេសចរសរុប២២នាក់រងរបួស មានធ្ងន់មានស្រាល ប៉ុន្តែក្រោយមក មានសេចក្តីរាយការណ៍ថា ទេសចរម្នាក់ស្លាប់នៅឯមន្ទីរពេទ្យដោយសាររបួសធ្ងន់ពេក។

យោងតាមអគ្គកុងស៊ុលរុស្ស៊ីប្រចាំនៅភូកេត បានឲ្យដឹងថា ទេសចរដែលស្លាប់គឺជាជនជាតិរុស្ស៊ីឈ្មោះ Elizaveta អាយុ១៨ឆ្នាំ ខណៈការស៊ើបអង្កេតនឹងធ្វើឡើងជាបន្តទៀត។

ស្របពេលជាមួយគ្នានោះ អាជ្ញាធរថៃក៏កំពុងធ្វើការស៊ើបអង្កេតលើមូលហេតុនៃការបុកគ្នានេះដែរ រួមមានសង្ស័យលើការបើកទូកលើសល្បឿនកំណត់ និងការអនុវត្តបច្ចេកទេសនាវាចរណ៍ នៅពេលគ្រោះថ្នាក់កើតឡើង៕

ប្រភព៖ Bangkok Post






Previous Post Next Post