រដ្ឋមន្ត្រីការពារជាតិអង់គ្លេស ប្រាប់ថាចង់ចាប់ខ្លួនលោកពូទីន កាត់ទោសពីឧក្រិដ្ឋកម្មសង្គ្រាម

រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស លោក John Healey បានមានប្រសាសន៍ថា បើអាចធ្វើទៅបាន លោកនឹងចាប់ខ្លួនមេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀរ ពូទីន ទៅកាត់ទោស។

យោងតាមការចុះផ្សាយកាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២៦របស់ Ukrainska Pravda លោក Healey បានបញ្ជាក់ថា បើលោកមានឱកាសចាប់ខ្លួនមេដឹកនាំពិភពលោកណាម្នាក់ លោកនឹង«នាំខ្លួនលោកពូទីន មកឃុំខ្លួន និងបង្ខំឲ្យលោកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម»។

លោក Healey បានលើកឡើងថា ឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ី រួមមាន «អ្វីដែលខ្ញុំបានឃើញនៅទីក្រុង Bucha ក្នុងដំណើរកម្សាន្តដំបូងៗរបស់ខ្ញុំទៅកាន់អ៊ុយក្រែន» និង «ការចាប់ពង្រត់កុមារអ៊ុយក្រែនមួយចំនួន ដែលខ្ញុំបានជួបនៅក្នុងទីក្រុង Irpin»។

ដោយចង្អុលទៅកាន់អាគារអាផាតមិនក្នុងទីក្រុងកៀវនៅពីក្រោយលោក ដែលត្រូវបានខូចខាតដោយការវាយប្រហារដោយដ្រូនរុស្ស៊ី លោក Healey បាននិយាយថា វា«ប្រាប់អ្នកនូវអ្វីគ្រប់យ៉ាង ដែលអ្នកត្រូវដឹងអំពីលោកប្រធានាធិបតី ពូទីន និងការតាំងចិត្តរបស់លោក មិនត្រឹមតែធ្វើសង្គ្រាមលើអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់គោលដៅលើជនស៊ីវិល ទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធដែលប្រជាជនពឹងផ្អែកយ៉ាងខ្លាំងនៅពាក់កណ្តាលរដូវរងា»។

លោកបានបន្ថែមថា «នេះគឺជាបុរសម្នាក់ដែលត្រូវតែបញ្ឈប់។ នេះគឺជាសង្គ្រាមដែលត្រូវតែបញ្ឈប់។ ហើយបេសកកម្មរបស់យើងគឺគាំទ្រអ៊ុយក្រែនក្នុងការប្រយុទ្ធនៅថ្ងៃនេះ និងជួយការងារដើម្បីធានាសន្តិភាពសម្រាប់ពេលបច្ចុប្បន្ន»។

សូមជម្រាបថា ចាប់តាំងពីកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិនាឆ្នាំ២០២៤ លោក Healey គឺជាមន្ត្រីម្នាក់ដែលនិយាយខ្លាំងៗបំផុតប្រឆាំងនឹងរុស្ស៊ី។ ជារឿយៗ លោកតែងសង្កត់ធ្ងន់ថា រុស្ស៊ីគឺជា «ការគំរាមកំហែងធំបំផុត» ចំពោះសន្តិសុខអឺរ៉ុប និងព្រមានថា បើពូទីនអាចលេបយកអ៊ុយក្រែនបានដោយជោគជ័យ នោះមេដឹកនាំរុស្ស៊ីរូបនេះនឹងមិនឈប់ត្រឹមហ្នឹងទេ ពោលគឺនឹងបន្តលុកលុយប្រទេសដទៃទៀតជាក់ជាមិនខាន៕



Previous Post Next Post