ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យទី១១ខែមករាឆ្នាំ២០២៦ថា លោកមានគម្រោងពិភាក្សាជាមួយមហាសេដ្ឋី Elon Musk អំពីការស្តារលទ្ធភាពប្រើប្រាស់អ៊ីនធឺណិតឡើងវិញនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីអាជ្ញាធរក្រុងតេហេរ៉ង់បានកាត់ផ្តាច់សេវាកម្មអស់រយៈពេលបួនថ្ងៃមកហើយ ចំពេលមានការតវ៉ាប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំ។
យោងតាមរ៉យទ័រ លោកត្រាំ បានប្រាប់អ្នកយកព័ត៌មានថា លោកនឹងពិចារណាលើការចូលរួមជាមួយក្រុមហ៊ុន SpaceX របស់លោក Musk និងសេវាកម្មផ្កាយរណប Starlink ដែលធ្លាប់ត្រូវបានប្រើប្រាស់ពីមុនមកដើម្បីគេចចេញពីការរឹតបន្តឹងអ៊ីនធឺណិតនៅក្នុងប្រទេសអ៊ីរ៉ង់។ លោកត្រាំ បាននិយាយថា «គាត់ពូកែណាស់លើរឿងប្រភេទហ្នឹង»។
ប្រទេសអ៊ីរ៉ង់បានដាក់ចេញនូវការបិទខ្ទប់អ៊ីនធឺណិតចាប់តាំងពីថ្ងៃព្រហស្បតិ៍មក ខណៈដែលការតវ៉ាបង្កឡើងដោយការឡើងថ្លៃទំនិញបានរីករាលដាលពាសពេញផ្ទៃប្រទេស ដែលក្លាយជាភាពចលាចលដ៏ធំបំផុតគិតចាប់តាំងពីឆ្នាំ២០២២។ ការបិទខ្ទប់នេះបានធ្វើឲ្យព័ត៌មានចេញទៅក្រៅប្រទេសត្រូវបានរឹតត្បិតយ៉ាងខ្លាំង។
លោក Musk កាលពីមុនធ្លាប់បានផ្ដល់ការគាំទ្រនូវលទ្ធភាពប្រើប្រាស់ Starlink ដល់ប្រជាជនអ៊ីរ៉ង់ក្នុងអំឡុងពេលតវ៉ាឆ្នាំ២០២២ ដែលនៅពេលនោះរដ្ឋបាលលោក ចូ បៃដិន បានសម្របសម្រួលជាមួយក្រុមហ៊ុន SpaceX។
បច្ចុប្បន្ន ក្រុមសិទ្ធិមនុស្សប៉ាន់ប្រមាណថា មានមនុស្សរាប់រយនាក់ហើយត្រូវបានសម្លាប់នៅក្នុងភាពចលាចល។ ក្រុមសិទ្ធិមនុស្ស HRANA ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រាប់ថា ខ្លួនបានបញ្ជាក់ពីការស្លាប់របស់បាតុករចំនួន ៤៩០នាក់ និងបុគ្គលិកសន្តិសុខ ៤៨នាក់ ខណៈដែលមានការចាប់ខ្លួនជាង ១០ ៦០០នាក់។ យ៉ាងណាមិញ អាជ្ញាធរអ៊ីរ៉ង់មិនទាន់បានបញ្ចេញតួលេខផ្លូវការនៅឡើយទេ។
ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកត្រាំលើកនេះ ក្រុមហ៊ុន SpaceX មិនទាន់មានការឆ្លើយតបភ្លាមៗនៅឡើយទេ។
សូមជម្រាបថា កន្លងមក លោក Musk និងលោកត្រាំ ធ្លាប់មានភាពរកាំរកូសជាសាធារណៈ ជាពិសេសលើគោលនយោបាយពន្ធដារ ប៉ុន្តែទំនាក់ទំនងរបស់ពួកគេនាពេលថ្មីៗនេះហាក់កំពុងល្អប្រសើរឡើងសាជាថ្មី។ លោក Musk ធ្លាប់ជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុដ៏សំខាន់ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតីរបស់លោកត្រាំ ហើយលោកបានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ប្រឹក្សាដល់រដ្ឋបាលស្តីពីប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាលសហព័ន្ធ។
សម្ព័ន្ធភាពដែលកំពុងរីកចម្រើនជាថ្មីម្ដងទៀតនេះត្រូវបានបង្ហាញឲ្យឃើញកាន់តែច្បាស់តាមរយៈគម្រោងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth ទៅកាន់ទីតាំងរបស់ក្រុមហ៊ុន SpaceX ក្នុងរដ្ឋតិចសាស់នាថ្ងៃចន្ទសប្ដាហ៍នេះ ដែលជាសញ្ញានៃការផ្សារភ្ជាប់គ្នាយ៉ាងខ្លាំងរវាងអាជីវកម្មឯកជនរបស់លោក Musk និងគោលដៅនយោបាយការបរទេសរបស់អាមេរិក៕
