នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និង ផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋដែលបានភៀសសឹក និងមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដោយសារបញ្ហាអសន្តិសុខនៅតំបន់ព្រំដែន ខណៈដែលផ្ទះសម្បែងមួយចំនួនបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ឬទាំងស្រុង ហើយដីលំនៅឋានមួយចំនួនទៀត កំពុងស្ថិតក្រោមការហ៊ុមព័ទ្ធ និងរងការរំលោភបំពាន ដោយសារសង្គ្រាមរបស់ថៃ មកលើកម្ពុជា ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ខាន់ ខុន បាននាំយក ក្ដីនឹករលឹក និងការសាកសួរសុខទុក្ខ ពីឯកឧត្តមបណ្ឌិត ចាយ បូរិន មកជូនដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះការលំបាកយ៉ាងខ្លាំង ព្រមទាំងចូលរួមសោកស្ដាយយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់ផ្ទះសម្បែង សម្ភារៈ ទ្រព្យសម្បត្តិដ៏មានតម្លៃ ការខាតបង់មុខរបររកស៊ី និងជាពិសេសការបាត់បង់សាច់ញាតិជាទីស្រឡាញ់ ដែលបានពលីជីវិតក្នុងសង្គ្រាម និងការភៀសសឹក។ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ក៏បានចូលរួមសោកស្តាយ និងការអាណិតអាសូរយ៉ាងខ្លាំង ជាមួយប្រជាពលរដ្ឋ ដែលបានរងគ្រោះ និងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទាំងអាយុជីវិត និងទ្រព្យសម្បត្តិ ដោយសារអំពើឈ្លានពានរបស់ថៃមកលើកម្ពុជា។ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់ រួបរួមសាមគ្គីភាព អត់ធ្មត់ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះរាជរដ្ឋាភិបាល ក្នុងការពារអធិបតេយ្យភាព និងសន្តិភាពជាតិ ព្រមទាំងប្រើប្រាស់គ្រប់យុទ្ធវិធី ដើម្បីដោះស្រាយបញ្ហាជម្លោះដោយ មធ្យោបាយសន្តិវិធី ដោយវិជ្ជមាន។
ជាការរួមចំណែកជួយសម្រាលបន្ទុកក្នុងរយៈពេលខ្លី ឯកឧត្តមបណ្ឌិត ខាន់ ខុន បានចែកអំណោយជាសម្ភារ និងគ្រឿងឧបភោគបរិភោគ ជូនដល់ប្រជាពលរដ្ឋ ចំនួន ២២០ គ្រួសារ នៅ ភូមិកណ្ដោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
សមិទ្ធផលនៃសកម្មភាពមនុស្សធម៌ទាំងនេះ គឺបានមកពី ការរួមសហការរបស់គ្រីស្ទបរិស័ទនិកាយប្រូតេស្តង់ ទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមបរិច្ចាគថវិកា សម្ភារ និងការអធិដ្ឋាន តាមរយៈឯកឧត្តមបណ្ឌិត ខាន់ ខុន ដើម្បីជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋជនភៀសសឹក។
សមិទ្ធផលនៃសកម្មភាពមនុស្សធម៌ទាំងនេះ គឺបានមកពី ការរួមសហការរបស់គ្រីស្ទបរិស័ទនិកាយប្រូតេស្តង់ ទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមបរិច្ចាគថវិកា សម្ភារ និងការអធិដ្ឋាន តាមរយៈឯកឧត្តមបណ្ឌិត ខាន់ ខុន ដើម្បីជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋជនភៀសសឹក។














