(ទីក្រុង តូក្យូ ប្រទេសជប៉ុន)៖ ថ្ងៃទី១៨ ខែមីនាឆ្នាំ២០២៦ សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន (CAJ) បានរៀបចំកម្មវិធីសម្ភោធសមាគមជាផ្លូវការ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ឯកឧត្តម ហៃ វណ្ណា ប្រធានសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន និងលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បន្ថែមពីនេះ ក៏មានការចូលរួមយ៉ាងគគ្រឹកគគ្រេងពីភ្ញៀវកិត្តិយស តំណាងស្ថាប័ននានា អង្គការ សហគមន៍ និងបងប្អូនជនជាតិខ្មែរដែលកំពុងរស់នៅ និងសិក្សានៅប្រទេសជប៉ុនជាច្រើនរូប ដែលបានបង្កើតបរិយាកាសស្និទ្ធស្នាល កក់ក្ដៅ និងពោរពេញដោយសាមគ្គីភាព។
ជាពិសេស កម្មវិធីនេះទទួលបានការគាំទ្រយ៉ាងសកម្មពីវិស័យឯកជនជាង ៣៤ ក្រុមហ៊ុន រួមមាន ក្រុមហ៊ុន Air Cambodia (AVIAREPS Japan Ltd.), ក្រុមហ៊ុន Tomomi Mahob Khmer Co., Ltd. ព្រមទាំងអង្គភាព និងសមាគមពាក់ព័ន្ធដូចជា សហគមន៍ខ្មែរនៅប្រទេសជប៉ុន សមាគមនិស្សិតខ្មែរប្រចាំប្រទេសជប៉ុន និងសមាគមជប៉ុន-កម្ពុជា ជាដើម ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយជោគជ័យល្អប្រសើរ។
ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម ហៃ វណ្ណា ប្រធានសមាគម បានថ្លែងសុន្ទរកថា បង្ហាញពីសារៈសំខាន់នៃការបង្កើតសមាគម ដើម្បីជាគន្លងសម្រាប់បងប្អូនខ្មែរនៅប្រទេសជប៉ុន អាចជួបជុំ សហការ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការរស់នៅ ការសិក្សា និងការងារ។ ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តរក្សាអត្តសញ្ញាណជាតិ វប្បធម៌ និងប្រពៃណីខ្មែរ ឱ្យបានរឹងមាំ ទោះបីរស់នៅឆ្ងាយពីមាតុភូមិក៏ដោយ។
លើសពីនេះ សមាគមក៏បានបង្ហាញពីទិសដៅ និងផែនការសកម្មភាពនានានាពេលអនាគត រួមមាន ការរៀបចំព្រឹត្តិការណ៍វប្បធម៌ កម្មវិធីអប់រំ និងបណ្តុះបណ្តាល ការជួយគាំទ្របងប្អូនខ្មែរដែលជួបបញ្ហានានា ព្រមទាំងការជំរុញ និងពង្រឹងបណ្តាញទំនាក់ទំនងជាមួយស្ថាប័នជប៉ុន។
សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន មានបំណងប្រើប្រាស់ឱកាសនៃពិធីសម្ភោធនេះ ដើម្បីពង្រឹងសាមគ្គីភាពក្នុងសហគមន៍ខ្មែរ និងរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញទៅមក រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ឱ្យកាន់តែរឹងមាំ និងចីរភាពថែមទៀត៕






















