ព័ត៌មានមហាជន

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យក្រុងកំពង់ឆ្នាំង

(ខេត្តកំពង់ឆ្នាំង)៖ ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចណ៍ផ្លូវគោក និងលោកជំទាវ កែ សួនសុភី សសុខា បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យក្រុងកំពង់ឆ្នាំង។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវអ្នកតំណាងរាស្ត្រ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ឯកឧត្ដម លោកជំទាវអភិបាលរាជធានី-ខេត្ត ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំកងកម្លាំង ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ ប្រជាការពារ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ២ពាន់នាក់។

ទិវាត្រូវបានប្រារព្ធឡើងដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កបាត់បង់ជីវិតមនុស្ស កាយសម្បទា និងបង្កការខូចខាតទ្រព្យសម្បត្តិ។ ទិវានេះក៏បានបំផុសស្មារតីអ្នកប្រើប្រាស់ផ្លូវទាំងអស់បង្កើនការប្រុងប្រយ័ត្នចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត។

ក្រោមការផ្ដួចផ្ដើមរបស់ឯកឧត្តមអភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី សួនសុវត្ថិភាពចរាចណ៍ផ្លូវគោកត្រូវបានកសាងឡើងនៅក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង ដែលជាសួនសិប្បនិម្មិតដំបូងបង្អស់ក្នុងប្រទេសកម្ពុជា ជាកន្លែងសម្រាប់ផ្ដល់ចំណេះដឹងទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែងនៅទីវាល ដើម្បីពង្រឹងដល់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ ការគោរពសិទ្ធិអាទិភាព បច្ចេកទេស និងក្រមសីលធម៌នៃការបើកបរ ដល់សិស្សានុសិស្ស និងសាធារណជនទូទៅ ក្នុងគោលបំណងធានាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការពារអាយុជីវិតប្រជាពលរដ្ឋ។ 

Previous Post Next Post