ព័ត៌មានមហាជន

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅស្រុកសន្ទុក៖ រថយន្តហ៊ីយ៉ាន់ដាយរ៉េចង្កូតបុកអ្នកថ្មើរជើង បណ្តាលឱ្យមនុស្ស ៥ នាក់បាត់បង់ជីវិត

(ខេត្តកំពង់ធំ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យអាណោចអាធ័មមួយបានកើតឡើង កាលពីវេលាម៉ោង ៨:៣០ នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្តាលឱ្យមនុស្សចំនួន ៥ នាក់បានស្លាប់បាត់បង់ជីវិត។

​យោងតាមរបាយការណ៍បឋម ហេតុការណ៍នេះបង្កឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ (Hyundai) ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-2070 បើកបរដោយឈ្មោះ វេង គ្រឹស្នា ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ប្រភពដដែលបានឱ្យដឹងថា រថយន្តបានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានរ៉េចង្កូតទៅខាងឆ្វេង បុកអ្នកថ្មើរជើងពេញទំហឹងតែម្តង។

​ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍នេះ រួមមាន៖

១. ឈ្មោះ សៀង ខាន់ ភេទស្រី អាយុ ៦៥ ឆ្នាំ (ស្លាប់នៅកន្លែង)

២. ឈ្មោះ ធឿន ចាន់នី ភេទស្រី អាយុ ១០ ឆ្នាំ (ស្លាប់នៅកន្លែង)

៣. ឈ្មោះ ធឿន ស្រីខួច ភេទស្រី អាយុ ១២ ឆ្នាំ (ស្លាប់នៅកន្លែង)

៤. ឈ្មោះ គង់ គី ភេទស្រី អាយុ ៧៣ ឆ្នាំ (ស្លាប់នៅកន្លែង)

៥. ឈ្មោះ ជា សុខហេង ភេទស្រី អាយុ ៨ ឆ្នាំ (រងរបួសធ្ងន់ និងបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ)

​ជនរងគ្រោះទាំងអស់មានទីលំនៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ខណៈដែលសមត្ថកិច្ចកំពុងបន្តនីតិវិធីចំពោះអ្នកបើកបរ និងមធ្យោបាយបង្កហេតុ។

Previous Post Next Post