(ខេត្តព្រះវិហារ) ៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ឯកឧត្តម ហៃ វណ្ណា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន បានដឹកនាំក្រុមការងាររបស់សមាគមមកពីប្រទេសជប៉ុន នាំយកសម្ភារៈសិក្សា និងថវិកាពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ចែកជូនប្រជាពលរដ្ឋ និងកងកម្លាំងនៅតំបន់មណ្ឌលបាក់កាំ ខេត្តព្រះវិហារ។
ក្នុងការចែកជូននេះ បានផ្តល់ជូនសិក្សានុសិស្សចំនួន ២៨៨នាក់ កងកម្លាំងប្រដាប់អាវុធចំនួន ៧០នាក់ និងលោកគ្រូអ្នកគ្រូចំនួន ១៣នាក់ ដើម្បីជួយលើកទឹកចិត្ត និងគាំទ្រដល់ជីវភាព និងការសិក្សា នៅក្នុងតំបន់ដែលកំពុងប្រឈមនឹងភាពលំបាក។ក្នុងឱកាសនោះ ឯកឧត្តម ហៃ វណ្ណា បានពាំនាំការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ជូនដល់គ្រួសារជនភៀសសឹក និងសិក្សានុសិស្សដែលកំពុងបន្តការសិក្សា ដោយបញ្ជាក់ពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់ថ្នាក់ដឹកនាំជាតិចំពោះប្រជាពលរដ្ឋគ្រប់រូប។
ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវិរកងទ័ព និងគ្រួសារ ព្រមទាំងលោកគ្រូអ្នកគ្រូ ដែលបន្តបំពេញភារកិច្ចបង្រៀននៅតាមជំរុំភៀសសឹក ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ក៏នៅតែខិតខំប្រឹងប្រែងបន្តបង្រៀន និងលើកទឹកចិត្តសិស្សានុសិស្សឲ្យបន្តការសិក្សា។
លើសពីនេះ ឯកឧត្តមក៏បានកោតសរសើរចំពោះការរក្សាអនាម័យបរិស្ថាន ទាំងនៅទីធ្លាសិក្សា និងក្នុងការរស់នៅប្រចាំថ្ងៃ ដែលបង្ហាញពីសណ្តាប់ធ្នាប់ល្អ និងវិន័យខ្ពស់ក្នុងសហគមន៍។
ជាចុងក្រោយ ឯកឧត្តម ហៃ វណ្ណា តាំងនាមឲ្យសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន សូមថ្លែងអំណរគុណដល់កងកម្លាំងមូលដ្ឋាន និងលោកគ្រូ អ្នកគ្រូ ដែលបានចូលរួមសហការយ៉ាងសកម្មក្នុងការអនុវត្តសកម្មភាពមនុស្សធម៌នេះ។
ជាពិសេស សូមថ្លែងអំណរគុណដល់សប្បុរសជនខ្មែរ និងជប៉ុន ដែលបានចូលរួមផ្ដល់ឧបត្ថម្ភមួក និងសម្ភារសិក្សាតាមរយៈសមាគម ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំ និងគាំទ្រដល់សហគមន៍ផងដែរ៕
ជាពិសេស សូមថ្លែងអំណរគុណដល់សប្បុរសជនខ្មែរ និងជប៉ុន ដែលបានចូលរួមផ្ដល់ឧបត្ថម្ភមួក និងសម្ភារសិក្សាតាមរយៈសមាគម ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំ និងគាំទ្រដល់សហគមន៍ផងដែរ៕

























