ព័ត៌មានមហាជន

ក្រសួងបរិស្ថាន តាមរយៈគម្រោង CamAdapt បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលនៅថ្ងៃទី២៣ ដល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៦

ខេត្តកោះកុង៖ ក្រសួងបរិស្ថាន តាមរយៈគម្រោង CamAdapt បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលនៅថ្ងៃទី២៣ ដល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៦ ប្រកបដោយជោគជ័យ ក្រោមប្រធានបទ «ការបញ្ជ្រាបយេនឌ័រក្នុងរឿងបម្រែបម្រួលអាកាសធាតុ សម្រាប់កម្រិតថ្នាក់ក្រោមជាតិ និងសហគមន៍តំបន់ឆ្នេរ»។

សិក្ខាសាលានេះបានកៀរគរអ្នកចូលរួមប្រមាណ៥២នាក់ (ក្នុងនោះមានស្ត្រីចំនួន ៣០ នាក់) ដែលរួមមានតំណាងមកពីអាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ តំបន់ការពារសហគមន៍ និងភាគីពាក់ព័ន្ធសំខាន់ៗ ដទៃទៀតដើម្បីក្នុងគោលបំណងពង្រឹងការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ និងយុទ្ធសាស្ត្របន្ស៊ាំដែលប្រកបដោយបរិយាបន្ន។

សហគមន៍ឆ្នេរសមុទ្រកម្ពុជាកំពុងរងការគំរាមកំហែងកាន់តែខ្លាំងឡើងពីហានិភ័យអាកាសធាតុ ដូចជាការកើនឡើងកម្ពស់ទឹកសមុទ្រ ព្រឹត្តិការណ៍អាកាសធាតុខ្លាំងក្លា និងការធ្លាក់ចុះនៃគុណភាពបរិស្ថាន ដែលកត្តាទាំងនេះកំពុងប៉ះពាល់ដល់ជីវភាពរស់នៅ និងសន្តិសុខស្បៀង។ ការបណ្តុះបណ្តាលនេះ បានផ្តោតសំខាន់លើការកសាងជំនាញអនុវត្តជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ព្រមទាំងធានាថា ស្ត្រី និងក្រុមងាយរងគ្រោះ ត្រូវបានដាក់បញ្ចូលយ៉ាងសកម្ម នៅក្នុងការរៀបចំផែនការ និងការធ្វើសេចក្តីសម្រេចចិត្ត។

មេរៀនសំខាន់ៗដែលបានចែករំលែក៖

• ការយល់ដឹងកាន់តែប្រសើរឡើងអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងយុទ្ធសាស្ត្របន្ស៊ាំ​ និងភាពធន់នឹងអាកាសធាតុ។

• ពង្រឹងសមត្ថភាពក្នុងការបញ្ចូលយេនឌ័រទៅក្នុងផែនការការបន្ថយការប្រែប្រួលអាកាសធាតុក្នុងតំបន់ឆ្នេរ 

• ការលើកកម្ពស់កិច្ចសហការ៖ រវាងសហគមន៍តំបន់ឆ្នេរឱ្យកាន់តែមានភាពជិតស្និទ្ធ

• ការអភិវឌ្ឍដំណោះស្រាយជាក់ស្តែង និងផ្អែកលើសហគមន៍ ដូចជាការនេសាទប្រកបដោយចីរភាព អេកូទេសចរណ៍ និងកសិកម្មឆ្លាតវៃ។

ជាលទ្ធផល អ្នកចូលរួមទទួលបានទំនុកចិត្តកាន់តែខ្លាំង ក្នុងការអនុវត្តវិធីសាស្ត្រឆ្លើយតបនឹងយេនឌ័រ ដែលជួយកសាងសហគមន៍តំបន់ឆ្នេរឱ្យកាន់តែមានភាពធន់ និងគាំទ្រដល់គោលដៅអាកាសធាតុថ្នាក់ជាតិរបស់កម្ពុជា។

Previous Post Next Post