(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោក ព្រំ ភារុណ ប្រធានអង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិបានចេញញត្តិគាំទ ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាការទាមទារដែនសមុទដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
ក្នុងនាមជាថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា នៃអង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិ សូមសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជូនដំណឹងទៅភាគគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនិតិសមុទ្រ(UNCLOS) បន្ទាប់ពីភាគីថៃបានដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ដែលជាមូលដ្ឋានគតិយុត្តិតែមួយគត់សម្រាប់ការចរចាទ្វេភាគីក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរអស់រយៈពេលជាង ២៥ឆ្នាំ កន្លងមក។
យើងខ្ញុំជឿជាក់ថា ការអនុវត្តយន្តការផ្សះផ្សារដោយបង្ខំនេះ គឺជាជំហានស្របច្បាប់ប្រកបដោយសុឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ក្នុងការបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធីយុត្តិធម៌ និងស្របតាមច្បាប់អន្តរជាតិបន្ទាប់ពីក្របខណ្ឌចរចារទ្វេភាគីត្រូវបានប្រើប្រាស់អស់លទ្ធភាព។
យន្តការនេះនឹងរួមចំណែកបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការសម្រេចបាននូវដំណោះស្រាយមួយដែលមានយុត្តិធម៌ តម្លាភាព និងចីរភាព សំដៅរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការល្អក្នុងតំបន់ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ។
នៅក្នុងស្មារតីនេះ យើងខ្ញុំសូមសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ភាគីថៃនឹងប្រកាន់ខ្ជាប់ឆន្ទៈក្នុងការចូលរួមយន្តការនេះ ដោយគោរពតាមគោលការណ៍នេះច្បាប់អន្តរជាតិ និងលើកកម្ពស់កិច្ចសន្ទនាដោយសន្តិវិធី ក្នុងគោលបំណងឈានទៅរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ និងអាចទទួលបានដោយភាគីទាំងពីរ ចំពោះការទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ។
យើងខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ត្រឹមត្រូវ និងប្រកបដោយការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារផលប្រយោជន៍ជាតិ និងលើកកម្ពស់ការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាជាតិ និងតំបន់ទាំងមូល។





