ព័ត៌មានមហាជន

ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេច បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៧៩៨នាក់



(បាត់ដំបង)÷នាថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានរៀបចំពិធីប្រកាសសេចក្តីសម្រេចបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៧៩៨នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត និងឯកឧត្តម ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត ឯកឧត្តម អ៊ុយ រី អនុប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង ឯកឧត្តម ឈួន សារិទ្ធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញជាគណៈអធិបតីពីសំណាក់ ថ្នាក់ដឹកនាំ សមាជិក នៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត, ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តបាត់ដំបង, ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃគណៈកម្មាធិការគណបក្សមូលដ្ឋាន ព្រមទាំងមានការចូលរួមពីសំណាក់ អតីតថ្នាក់ដឹកនាំ និងអតីតសកម្មជនគណបក្សប្រឆាំង ដែលបានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាចំនួន ៧៩៨នាក់ផងដែរ។

ឯកឧត្តម ភឺន ផល្លា បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានផ្តាំផ្ញើដល់សមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ៧៩៨ នាក់ ដែលទើបបញ្ចូលថ្មី ដែលសម្រេចចិត្តដ៏ត្រឹមត្រូវសុំចូលជាសមាជិកពេញសិទ្ធិ នៃគណបក្សប្រជាជនកម្ពុជានៅពេលនេះ ត្រូវខិតខំប្រឹងប្រែងបម្រើគណបក្សឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីចូលរួមកសាងប្រទេស ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ឯកឧត្តម ក៏បានបន្តទៀតថា៖ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងដឹកនាំប្រកបដោយភាពជឿជាក់ បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាពពេញផ្ទៃប្រទេស និងបានធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយចាស់ទុំជាងគេ មានធនធានមនុស្សគ្រប់គ្រាន់ តែងតែនៅរួមរស់ជាមួយបងប្អូនប្រជាពលរដ្ឋ មិនរត់ចោលប្រជាពលរដ្ឋ និងបានកសាងប្រទេសជាតិ ឱ្យរីកចម្រើនលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ ទាំងនេះគឺជាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះបងប្អូនដែលបានចាកចេញពីគណបក្សផ្សេងមករួមរស់ ជាមួយគណបក្សប្រជាជន គឺជាគណបក្សដែលបងប្អូន ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ អាចរស់នៅជាមួយគ្នាបាន។ ពិធីបញ្ចូលសមាជិកគណបក្សថ្មី នាថ្ងៃនេះ មិនមែនជាព្រឹតិ្តការណ៍ដោយឡែកនោះទេ តែជាពិធីដែលបានកើតឡើងនៅទូទាំងប្រទេស គ្រប់ឃុំ សង្កាត់ ក្រុង ស្រុក រាជធានី ខេត្ត ដែលវាជាភស្តុតាងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលទទួលបានការគាំទ្រ និងគោរពស្រឡាញ់ពី ភ្លូកទឹក ភ្លូកដី ពីប្រជាពលរដ្ឋរបស់យើង។ ទាំងនេះ គឺដោយសារការមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តម យូ សិរីវុឌ្ឍ បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរជាងគេ និងបានអភិវឌ្ឍន៍សមិទ្ធផលរីកចម្រើនយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន។

Previous Post Next Post