(ខេត្តកំពង់ស្ពឺ)៖ដោយយល់ឃើញយ៉ាងច្បាស់ពីតម្លៃសន្តិភាព នៅរសៀលថ្ងៃអាទិត្យទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ទី ប៊ុនថេង ទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាក្រុមការងារស្នូលរបស់ក្រុមចលនាកសាងសមាជិកបក្សស្នាក់ការកណ្ដាលបានដឹកនាំក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពង់ស្ពឺ ចុះទទួល សកម្មជន និងភ្នាក់ងារសង្កេតការណ៍ គាំទ្រគណបក្សភ្លើងទៀនចំនួន៤០រូប ក្នុងឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានី-ខេត្ត ឯកឧត្តម ភឺន ផល្លាជំនួយការផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្សរាជធានី-ខេត្ត បានចុះទទួលបេក្ខជនភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀនសរុបចំនួន៤០រូប ក្នុងឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានសម្រេចលាឈប់ពីគណបក្សរបស់ខ្លួនឈរឈ្មោះ និងសម្រេចស្ម័គ្រចិត្តគោរពស្នើសុំសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សូមចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ មានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ។
ភ្នាក់ងារសង្កេតការណ៍និងសកម្មជនគាំទ្រ គណបក្សភ្លើងទៀន ចំនួន៤០រូប បានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយ ឯកឧត្តម ទី ប៊ុនថេង ឥតមានការបង្ខិតបង្ខំ ឬទិញដូរអ្វីឡើយ។ ពីព្រោះពួកគាត់ទាំងអស់គ្នា លែងជឿលើពួកទណ្ឌិតក្បត់ជាតិដែលរត់ចោលស្រុកដែលមានគំនិតទុច្ចរិក ចង់បំបែកបំបាក់ស្មារតីសាមគ្គីភាពខ្មែរនិងខ្មែរ បំផ្លាញសុខសន្តិភាព ទើបលោក លោកស្រីសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងសូមគោរពគាំទ្រយ៉ាងពេញទំហឹងចំពោះសម្ដេចតេជោ និងសម្ដេចធិបតីក្នុងការដោះស្រាយបញ្ហាព្រំដែនទឹកដីកម្ពុជា។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម ទី ប៊ុនថេងទីប្រឹក្សាសម្ដេចតេជោ បានអរគុណអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូន និងក្មួយៗជាសមាជិកថ្មីចំពោះការសម្រេចចិត្តផ្អែកតាមសច្ចធម៌ជាប្រវត្តិសាស្ត្រ ចូលរួមជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សបានរំដោះជាតិ សង្រ្គោះប្រជាជនឱ្យរស់ឡើងវិញពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម កសាងជាតិនិងថែរក្សាសន្តិភាព ការពារឯករាជ្យអធិបតេយ្យនិងបូរណភាពទឹកដី ព្រមទាំងអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ឯកឧត្តមបន្ដថា ការសម្រេចចិត្តប្រកបដោយសុភនិច្ឆ័យនេះ គឺពិតជាកើតឡើងពីការបំពេញតួនាទីប្រកបដោយស្មារតីបុរេសកម្ម ការគោរព និងប្រកាន់ខ្ជាប់នូវភារកិច្ច និងលក្ខនិ្តកៈបក្ស ក្នុងការចុះសួរសុខទុក្ខ ផ្សព្វផ្សាយ និងពន្យល់ដល់ប្រជាពលរដ្ឋពីសច្ចភាព ប្រវត្តិ ស្នាដៃ និងកម្មវិធីនយោបាយគណបក្សរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់។
ឯកឧត្តម ទី ប៊ុនថេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ មន្ដ្រីបក្សគ្រប់លំដាប់ថ្នាក់ និងក្រុមការងារចលនាកសាងសមាជិកគណបក្សមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលកំពុងខិតខំបំពេញការងាររហូតសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេសការកសាងសមាជិកថ្មីជាបន្តបន្ទាប់ ដែលធ្វើឱ្យចំនួនសមាជិកបក្សកើនឡើងជាលំដាប់ តាមរយៈការអនុវត្អអភិក្រម «រក្សាចាស់បង្កើនថ្មី» ដូចដែលសម្តេចតេជោ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជាតែងតែរំលឹក។
ឯកឧត្តមក៏បានរំលេចប្រាប់ជាសមាជិកថ្មីថា មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលមានប្រវត្តិដឹកនាំ និងកាន់អំណាចយូរជាងគេ ហើយនាថ្ងៃអនាគត គណបក្សប្រជាជនកម្ពុជាក៏នឹងនៅតែបន្តកាន់អំណាច ដោយសារមានការគាំទ្រដ៏ច្រើនលើសលប់ពីប្រជាជនទាំងក្នុង និងក្រៅប្រទេស ចំនួនសមាជិកបន្តកើនឡើង ដែលបានក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ប្រជារាស្ត្រ ដោយមានរចនាសម្ព័ន្ធនិងចក្ខុវិស័យច្បាស់លាស់ សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ ថ្នាក់ដឹកនាំពោរពេញដោយសមត្ថភាព ព្រហ្មវិហារធម៌ និងសីលធម៌ និងការផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ដោយហ៊ានគិត ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។













