(ខេត្តកំពត)៖ប្រសាសន៍ដ៏ថ្លៃថ្លាខាងលើនេះត្រូវបានលើកឡើងជូនអង្គវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សខេត្តកំពត» កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ដោយ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល។ ពិធីនេះគឺជាគោលដៅនៃការរៀបចំវេទិកាពិភាក្សាលើកទី២៥ ដោយមានការចូលរួមពី ឯកឧត្តម ថេង ច័ន្ទសង្វារ អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត ថ្នាក់ដឹកនាំ និងសមាជិក នៃយ.គ.ក. និងគណៈកម្មាធិការគណបក្សរាជធានី ព្រមទាំងសមាជិកយុវជនគណបក្សខេត្តកំពត សរុបប្រមាណ ៩១២ រូប។
ស្ថិតក្នុងវេទិកាដ៏មានសារៈសំខាន់នោះ ឯកឧត្តមបណ្ឌិតប្រធាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងពរជ័យ ពីសំណាក់ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជម្រាបជូនដល់អង្គពិធីទាំងមូល។ បន្ថែមពីនេះ ក៏បានសម្តែងនូវការកោតសរសើរនិងការវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សខេត្តកំពតនៅគ្រប់បណ្តាថ្នាក់ជាមួយនឹងសមិទ្ធផលគួរជាទីមោទនៈ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ជួយដល់គណបក្សជារួមក្នុងការទទួលបាននូវជ័យជំនះសម្រាប់ការបោះឆ្នោតឆ្នាំ២០២៧ និង២០២៨ ខាងមុខនេះ។
ឯកឧត្តមបណ្ឌិតប្រធាន ក៏បានគូសបញ្ជាក់ជូនអង្គពិធីថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សចាស់ទុំខាងនយោបាយ ពោរពេញទៅដោយបទពិសោធន៍និងធនធានមនុស្សយ៉ាងសម្បូរបែបក្នុងប្រវត្តិសាស្រ្តនៃការដឹកនាំប្រទេសកម្ពុជាជាង ៧៥ឆ្នាំកន្លងមកនេះ ដោយឈរលើកត្តាជោគជ័យ ៣សំខាន់ៗ មានជាអាទិ៍ ១/បរិមាណសមាជិកបក្ស ២/ គុណភាពសមាជិកបក្ស ៣/អំពើល្អរបស់សមាជិកបក្ស។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតប្រធាន បានជម្រាបថា នេះគឺជាវេទិកាតាមលទ្ធិប្រជាធិបតេយ្យប្រមូលផ្តុំ និងបានលើកទឹកចិត្តដល់អង្គវេទិកាលើកជាមតិយោបល់ សំណូមពរ ក្តីចម្ងល់និងក្តីបារម្ភដែលពាក់ព័ន្ធប្រទេសជាតិ ជីវភាពរស់នៅ និងការងារគណបក្សនានា ដើម្បីឱ្យគណៈអធិបតីធ្វើការឆ្លើយតប សម្រាប់ជាពុទ្ធិបន្ថែមនៃចំណេះដឹងដល់យុវជនគណបក្ស បន្តផ្សព្វផ្សាយនៅក្នុងមូលដ្ឋានរបស់ខ្លួន។
អង្គពិធីបានពិភាក្សាដែលមានខ្លឹមសារជាអាទិ៍រួមមាន៖ ការបកស្រាយ ពីជម្លោះព្រំដែននិងដំណោះស្រាយចំពោះការឈ្លានពានរបស់ថៃ ការអនុវត្តការងារយុវជនគណបក្សនៅមូលដ្ឋាន យន្តការTVET បញ្ហាការកែតម្រូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ យន្តការដោះស្រាយសម្រាប់ផលប៉ះពាល់នៃការឡើងថ្លៃប្រេងឥន្ធនៈនៅក្នុងប្រទេស បញ្ហាគ្រឿងញៀន និងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតប្រធាន បានផ្តល់នូវអនុសាសន៍មួយចំនួន សំដៅពង្រឹងរចនាសម្ព័ន្ធយុវជននៅតាមបណ្តាថ្នាក់គណបក្សនិងការពង្រីកសមាជិកភាពរបស់ខ្លួនដើម្បីគៀងគរកម្លាំងសម្រាប់ការបោះឆ្នោតជូនគណបក្សនាពេលខាងមុខនេះ ក្នុងនោះរួមមាន ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៨៕


























































