ព័ត៌មានមហាជន

លោក ជឿប សូខឿន និងលោក មុិល សុីវធាននៅតែបន្តយកឈ្មោះសមាគមអតីតយុទ្ធជននិងនិវត្តន៍ជនខេត្តបាត់ដំបង មកពាំងដើម្បីបិទបាំងសកម្មភាពល្មើសច្បាប់របស់ខ្លួន ក្នុងការប្រព្រឹត្តបទល្មើសជីក កកាយយកអាចម៌ដីភ្នំ និងដីធម្មជាតិលក់យ៉ាងអាណាធិបតេយ្យក្រោយពីមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបងចាត់មន្ត្រីក្រុមការងារមន្ទីររ៉ែ និងថាមពលចុះធ្វើការហាមឃាត់

(ខេត្តបាត់ដំបង): ទីតាំងរណ្តៅដីមួយកន្លែងរបស់បុគ្គលឈ្មោះ ជឿប សូខឿន និងឈ្មោះ មុិល សុីវធាន ស្ថិតនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយយកឈ្មោះសមាគមអតីតយុទ្ធជននិងនិវត្តន៍ជនខេត្តបាត់ដំបងមកពាំងដើម្បីបិទបាំងសកម្មភាពល្មើសច្បាប់របស់ខ្លួន ក្នុងការប្រព្រឹត្តបទល្មើសជីក កកាយយកអាចម៌ដីភ្នំ និងដីធម្មជាតិលក់យ៉ាងអាណាធិបតេយ្យមិនដឹងថាបុគ្គលទាំងនេះអាងអំណាចអ្វីនោះទេ។

សកម្មភាពទាំងអស់នេះបានបណ្ដាលឲ្យប៉ះពាល់ដល់ដីភ្នំធម្មជាតិប្រឈមនឹងការរលាយហិនហោច ការខូចខាតទ្រង់ទ្រាយដីក៏ដូចជាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន សុខភាពប្រជាពលរដ្ឋ និងលំនៅឋានផ្ទះសំបែងដោយសារធូលីដីខណៈបុគ្គលទាំងអស់នេះជីកយកអាចម៌ដីដោយគ្មានច្បាប់អនុញ្ញាតនៅតាមបណ្ដាភូមិឃុំមួយចំនួនក្នុង ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបងបាននិយាយប្រាប់មកអង្គភាពគេហទំព័រ ព័ត៌មានមហាជនយើងខ្ញុំឲ្យដឹងថាបច្ចុប្បន្នរណ្តៅដីរបស់បុគ្គលទាំងអស់នោះកំពុងធ្វើអាជីវកម្មជីកកាយយកអាចម៍ដីលក់ ដោយពុំមានលក្ខណៈបច្ចេកទេសអ្វីទាំងអស់ ពោលគីពុំមានច្បាប់អនុញ្ញាតនោះទេថែមទាំងមិនគ្របកៅស៊ូតុងលើអាចម៌ដីគ្រួសក្រហម និងមិនស្រោចទឹកហ៊ុយងងឹតប៉ះពាល់ដល់លំនៅឋានផ្ទះសំបែងរបស់ពួកគាត់យ៉ាងខ្លាំង។

បើយោងតាមលិខិតរបស់មន្ទីររ៉ែ និងថាមពល ខេត្តបាត់ដំបង លេខ:០១២៧ រថ បប ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានគោរពចូលមកអគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ដែលមានខ្លឹមសារតបតាមកម្មវត្ថុនិងយោងខាងលើ សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទមានកិត្តិយសសូមគោរពជម្រាបជូនឯកឧត្តមអគ្គនាយក មេត្តាជ្រាបថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បានចុះដល់ទីតាំងកាយដីក្រហមធ្វើអាជីវកម្ម១កន្លែង ដែលជារបស់សមាគមអតីតយុទ្ធជនខេត្តបាត់ដំបង ស្ថិតនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដើម្បីឲ្យមកដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណធនធានរ៉ែដើម្បីធ្វើអាជីវកម្មធនធានរ៉ែឲ្យស្របតាមបទបញ្ញត្តិជាធរមាន ប៉ុន្តែសមាគមអតីតយុទ្ធជនមិនសហការ និងមិនអនុវត្តតាមការណែនាំរបស់ក្រុមការងារមន្ទីរ៉ែនិងថាមពល ក៏ដូចជាគោលការណ៍ឯកភាពរបស់រដ្ឋបាលខេត្តបាត់ដំបង មន្ទីរសូមឱ្យក្រុមការងារក្រសួងជួយចុះពិនិត្យទីតាំងធ្វើអាជីវកម្មដីក្រហម ស្ថិតនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្តមអគ្គនាយក មេត្តាពិនិត្យនិងសម្រេចដោយក្តីអនុគ្រោះ។សូមឯកឧត្តមមេត្តាទទួលនូវការគោរពការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ។

ជុំវិញរឿងរ៉ាវខាងលើនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបងបានផ្ដល់បទសម្ភាសន៍តាមទូរសព្ទឲ្យអង្គភាពគេហទំព័រ ព័ត៌មានមហាជនយើងខ្ញុំដឹងថារហូតមកដល់ម៉ោងនេះក្រសួងរ៉ែ និងថាមពល មិនទាន់បានចេញច្បាប់អនុញ្ញាតអាជីវកម្មឲ្យសមាគមអតីតយុទ្ធជនខេត្តបាត់ដំបងនៅឡើយទេ ហើយលោកប្រធានមន្ទីរ៉ែនិងថាមពលហ្នឹងចាត់តាំងក្រុមការងារមន្ទីរ៉ែ និងថាមពល ចុះពិនិត្យទីតាំងរណ្ដៅដីនៅរសៀលថ្ងៃនេះ។

ដោយពិនិត្យឃើញថានៅរសៀលថ្ងៃដដែលពោលគឺនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងាររបស់មន្ទីរ៉ែ និងថាមពលខេត្តបាត់ដំបង បានចុះដល់រណ្តៅដីអាជីវកម្មនេះពិតប្រាកដមែន ហើយនៅព្រឹកថ្ងៃបន្ទាប់ថ្ងៃទី១៣ និង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ ប្រភពពីប្រជាពលរដ្ឋរស់នៅឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានរាយការណ៍តាមរយៈទូរសព្ទមកអង្គភាពព័ត៌មានយើងខ្ញុំថានៅតែឃើញសកម្មភាពឡានដឹកដីគ្រួសក្រហមធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យដដែល។

នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ អង្គភាពគេហទំព័រព័ត៌មានមហាជនយើងខ្ញុំ បានទំនាក់ទំនងតាមតេឡេក្រាម ទៅលោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ដើម្បីសម្ភាសន៍សួរព័ត៌មានអំពីលទ្ធផលនៃការចុះពិនិត្យរបស់ក្រុមការងារមន្ទីរ៉ែ និងថាមពល ខេត្តបាត់ដំបង លោកប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបងបានបញ្ជាក់ដោយខ្លីថា លោកបានធ្វើរបាយការណ៍ជូនទៅក្រសួងរ៉ែ និងថាមពលរួចរាល់ហើយ ហើយ ចំពោះនៅឃើញមានឡានដឹកដីគ្រួសក្រហមនៅធ្វើសកម្មភាពនៅឡើយនោះ សូមឱ្យអង្គភាពព័ត៌មានសម្ភាសន៍សួរទៅក្រសួងរ៉ែ និងថាមពលដោយផ្ទាល់ទៅព្រោះផុតនីតិវិធីរបស់មន្ទីរ៉ែ និងថាមពលខេត្តបាត់ដំបងហើយ។

និងសាធារណជនបានលើកឡើងបន្ថែមទៀតថាតើមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបងមានតួនាទីធ្វើអ្វីខ្លះ? ហេតុអ្វីមិនអាចមានវិធានការទប់ស្កាត់ក្រុមឈ្មួញដែលមានបុគ្គលឈ្មោះ ជឿប សូខឿន និងឈ្មោះ មុិល សុីវធាន ដោយបានយកឈ្មោះសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបងទៅប្រើប្រាស់ដើម្បីធ្វើអាជីវកម្មយកប្រាក់ចំណូលដាក់ហោប៉ៅបក្ខពួកខ្លួនដោយមិនខ្វល់ពីសម្បត្តិរបស់រដ្ឋ។

មហាជនបានរង់ចាំមើលថា តើអគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ ពិសេសឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលនិងមានវិធានការយ៉ាងណាចំពោះបុគ្គលទាំងពីរខាងលើ ដែលកំពុងតែយកឈ្មោះសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនខេត្តបាត់ដំបងមកពាំងដើម្បីបិទបាំងសកម្មភាពល្មើសច្បាប់របស់ខ្លួន ក្នុងការប្រព្រឹត្តបទល្មើសជីក កកាយយកអាចម៌ដីភ្នំ និងដីធម្មជាតិលក់យ៉ាងអាណាធិបតេយ្យបែបនេះ។

ជុំវិញរឿងដែលខាងលើនេះ អង្គភាពគេហទំព័រ ព័ត៌មានមហាជនពុំអាចទំនាក់ទំនងទៅលោកប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនខេត្តបាត់ដំបងបានទេព្រោះពុំមានលេខទូរសព្ទទំនាក់ទំនង អង្គភាពយើងខ្ញុំរង់ចាំស្វាគមន៍ការស្រាយបំភ្លឺពីគ្រប់សម័យអង្គភាពរៀងរាល់ម៉ោងធ្វើការ។



Previous Post Next Post